នេះនាវាទេសចរណ៍ដ៏ធំមួយរបស់បរទេស ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីម្សិលមិញ ដោយនាវានេះបាននាំភ្ញៀវទេសចរបរទេសចម្រុសជាតិសាសន៍ជិត ៣០០០នាក់ មកដើរលេងកម្សាន្តក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
បើយោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា នាវាទេសចរណ៍បរទេស ០១គ្រឿងនេះ មានឈ្មោះ CASTA SERENA បាននាំភ្ញៀវ ទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៣ ០០០នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងធ្វើទេសចរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ ក្នុងដំណើរកម្សាន្តតាមឆ្នេរសមុទ្រ តំបន់រមណីយដ្ឋាននានា ទីប្រជុំជនសំខាន់ៗក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។
យ៉ាងណាមិញ សម្រាប់លក្ខណ:ពិសេសរបស់នាវានេះ បើយោងតាមប្រភពពី មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេស CASTA SERENA សញ្ជាតិ Italy មានបណ្ដោយ ២៩០,២០ម៉ែត្រ ទទឹង ៣៥,៥០ម៉ែត្រ និងជម្រៅទឹក ៨,៣០ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ២ ៦៤៣នាក់ ស្រី ១ ៥៤៥នាក់ មាន ១៨សញ្ជាតិ និងមាននាវិកសរុបចំនួន ១ ០៥៧នាក់ ក្នុងនោះស្រី ១៧៣នាក់ មាន ៣៣សញ្ជាតិ ។
លោកក៏បានបញ្ជាក់ទៀតថា នាវាទេសចរណ៍នេះ បានធ្វើដំណើរមកពីប្រទេសថៃ ចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ១០ និង២០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ តាមការគ្រោងទុកនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែ ស្វយ័តក្រុង ព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាមនៅវេលាម៉ោង១៧ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
គួរជំរាបផងដែរថា ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា CASTA SERENAនេះ មានសញ្ជាតិច្រើនជាង គេគឺជនជាតិថៃ មានចំនួន ២ ៥៨៦នាក់ ក្រៅពីនោះ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត៕
អត្ថបទ៖ ព្រឹម ភក្តី